កូនមើលទៅដូចជាឃ្លានរហូត តើទឹកដោះរបស់អ្នកបញ្ចេញមិនគ្រប់គ្រាន់ ឫ យ៉ាងណា?
អ្នកម្ដាយមួយចំនួនធំតែងតែមានក្ដីកង្វល់ថា កូនរបស់គាត់បៅមិនបានគ្រប់គ្រាន់ ឫ ទឹកដោះរបស់គាត់បញ្ចេញបានតិចពេកដែលជាហេតុធ្វើឱ្យពេលខ្លះ គាត់សម្រេចចិត្តធ្វើការបំបៅនូវម្ស៉ៅទឹកដោះគោបន្ថែម។
មូលហេតុមួយចំនួនដែលបណ្ដាលឱ្យម្ដាយបញ្ចេញទឹកដោះមិនបានគ្រប់គ្រាន់ អាចបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
- ម្ដាយមានការបាត់បង់ឈាមច្រើនក្នុងអំឡុងពេលសម្រាល ឫ ការសម្អាតនូវសាច់សុកមិនបានស្អាតល្អពីក្នុងស្បូន ជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការនៃការបញ្ចញទឹកដោះ
- ម្ដាយធ្លាប់មានប្រវត្តិកើតនូវជំងឺក្រពេញកន្សោមពងស្រ្តី (Ovary gland disease) ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអុីត ឫ វិបត្តិអរម៉ូនផ្សេងៗ ដែលជំងឺទាំងអស់នេះអាចធ្វើឱ្យទឹកដោះរបស់ម្ដាយចេញបានតិច
- ស្ត្រីធ្លាប់មានប្រវត្តិវះកាត់សុដន់ ឫ ធ្លាប់មានការប៉ះទង្គិចលើសុដន់ជាដើម
ហើយស្ត្រីជាម្ដាយអាចសង្កេតមើលលើទារករបស់ខ្លួនថាមិនទទួលបាននូវទឹកដោះគ្រប់គ្រាន់តាម
រយៈ៖
- ទារកឡើងទំងន់បានតិច
- មិនសូវនោម
- ខ្វះជាតិិទឹក (ទឹកនោមឡើងស្រអាប់)
- ទារកបៅញឹកញាប់ខ្លាំង
- ទារកមិនចង់ចាកចេញពីដៃម្ដាយ
- ទារកបៅបានរយៈខ្លី
- ទារកបៅយូរ
ក្នុងករណីដែលមានរោគសញ្ញាមិនប្រក្រតីកើតមានឡើងលើទារក សូមធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការព្យាបាលដែលសមស្រប។