តើស្ត្រីមានផ្ទៃពោះគួរឡើងទំងន់ប៉ុន្មានឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ?

ការឡើងទំងន់បានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះជារឿងសំខាន់ ព្រោះនៅពេលដែលស្រ្តីឡើង​គីឡូមិនត្រឹមត្រូវតាមស្ដង់ដា ស្រ្តីក៏ដូចជាទារកក្នុងផ្ទៃអាចប្រឈមនឹងហានិភ័យជាច្រើនដូចជាជំងឺ លើសសម្ពាធឈាម បម្រុងក្រឡាភ្លើង ជំងឺបេះដូង រលូតកូន និងកូនស្លាប់ក្នុងផ្ទៃជាដើម។ ហេតុនេះហើយ នៅត្រីមាសទីមួយ ស្ត្រីមានផ្ទៃពោះគួរឡើងគីឡូសរុប 0.5kg ទៅ 2kg។ ក្នុងត្រីមាសទីពីរ និងទីបី ស្ត្រីមានផ្ទៃពោះដែលមានទំងន់ក្នុង និងតិចជាងកំរិតស្ដង់ដាគួរឡើងគីឡូឱ្យបាន 500g ក្នុងមួយសប្ដាហ៍ រីឯស្រ្តីដែលលើសទំងន់ និង ធាត់ គួរឡើងគីឡូប្រហាក់ប្រហែលនឹង 250g ក្នុងមួយសប្ដាហ៍។

  1. ក្នុងករណីដែលស្ត្រីមានផ្ទៃពោះឡើងទំងន់តិចជាងកំរិតស្ដង់ដា តើស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងផលវិបាកអ្វីដែលឫទេ? តើស្ត្រីមានផ្ទៃពោះគួរធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបាននូវការឡើងគីឡូសមស្របតាមការកំណត់?

ការឡើងគីឡូមិនបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ អាចដឹងបានតាមរយៈការគណនារកសន្ទទស្សន៏ម៉ាសរាងកាយ (BMI) របស់ស្រ្តីមានផ្ទៃពោះដោយយកទំងន់របស់គាត់ (គិតជាKg) ចែកឱ្យកំពស់(គិតជា m) លើកជាការ៉េ ។

ស្ត្រីមានផ្ទៃពោះដែលមានសន្ទទស្សន៏ម៉ាសរាងកាយតិចជាង 18.5 ឫ មានទំងន់តិចជាងកំរិតស្ដង់ដា អាចប្រឈមនឹងផលវិបាកដូចជា រលូតកូន កូនកើតមុនកាលកំណត់ កូនកើតមកមានទំងន់តិចជាងកំរិតស្ដង់ដា និងទារកមានបញ្ហាលើផ្លូវអាហារផងដែរ។

ដើម្បីទទួលបាននូវការឡើងគីឡូត្រឹមត្រូវក្នុងអំឡុងពេលមានគក៌ ស្រ្តីអាចៈ

  • ធ្វើរបបអាហារឱ្យបានត្រឹមត្រូវ ដោយញុាំអាហារដែលសំបូរទៅដោយខ្លាញ់ល្អៗ
  • ធ្វើលំហាត់ប្រាណដែលសមស្របសំរាប់សុខភាព
  • ថែទាំសុខភាពផ្លូវចិត្តដោយការធ្វើសមាធិជាដើម

សូមធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលបាននូវការអំប់រំបន្ថែមទាក់ទងនឹងការឡើងគីឡូត្រឹមត្រូវក្នុងអំឡុងពេលមានគក៌។

Share on