ហេតុអ្វីបានជាទារកទើបនឹងកើតមិនមានទឹកភ្នែក?

ការស្រែកយំខ្លាំងៗរបស់ទារកដែលទើបនឹងកើតដំបូងគឺជាសញ្ញាដែលបញ្ជាក់ថាទារកមានសុខភាពល្អនិងមានភាពរឹងមាំ នេះជាហេតុដែលការយំរបស់ទារកទើបនឹងកើតមានសារៈសំខាន់។ ឪពុកម្តាយគ្រប់រូបនឹងបានលឺសំលេងកូនតូចយំជាញឹកញាប់ ប៉ុន្តែបើយើងសង្កេតអោយបានច្បាស់លាស់ ការយំរបស់ទារកដែលទើបនឹងកើតពុំមានទឹកភ្នែកនោះទេ តើមូលហេតុអ្វីបានជាគ្មានទឹកភ្នែក?

ជាការពិតណាស់ទឹកភ្នែកគឺចាំបាច់ដើម្បីការពារភ្នែកនិងរក្សាអោយភ្នែកមានសំណើម។ តាមប្រសាសន៍លោកវេជ្ជបណ្ឌិត​ Sage Timberline ជនជាតិអាមេរិក ជាគ្រូពេទ្យកុមារដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានអោយដឹងថានៅពេលដែលប្រឈមមុខនឹងអារម្មណ៍ហួសហេតុដូចជាភាពសោកសៅ កំហឹង ឬសូម្បីតែសប្បាយចិត្តខ្លាំងពេកក៏យើងអាចយំបានដែរ។​ ភាពតានតឹងទាំងអស់នេះបង្កឱ្យមានប្រតិកម្មបង្កើតឱ្យមានទឹកភ្នែកហូរមកដើម្បីការពារភ្នែក ហើយថែមទាំងអាចបញ្ចេញអរម៉ូនស្រ្តេសដែលមានក្នុងខ្លួនបានទៀតផង។

នៅពេលដែលទារកទើបនឹងកើតមក បំពង់បង្ហូរទឹកភ្នែករបស់ទារកមិនទាន់បានអភិវឌ្ឍន៍ពេញលេញនៅឡើយទេ ទោះបីជាយ៉ាងណាក៏ដោយបំពង់ទឹកភ្នែករបស់ទារកមានលទ្ធភាពផលិតទឹកភ្នែកបានគ្រប់គ្រាន់សម្រាប់គ្រាប់ភ្នែក និង រក្សាឱ្យមានសំណើមប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតជាដំណក់ទឹកភ្នែកឱ្យហូរចេញមកក្រៅបាននោះទេ។

លោកវេជ្ជបណ្ឌិត​ Sage Timberline បាននិយាយបន្តទៀតថាបន្ទាប់ពី៣ឬ៤សប្តាហ៍បំពង់បង្ហូរទឹកភ្នែករបស់ទារកជាធម្មតានឹងមានការលូតលាស់គ្រប់គ្រាន់ដើម្បីបង្កើតជាតំណក់ទឹកភ្នែក៕

Share on